កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​អនុវត្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​

ដោយ ​គឹម សុង​ – ​បន្ទាយមានជ័យ ÷ នៅវេលា​ម៉ោង​០១​និង​០០​នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ទទួល​បណ្ដឹង​បន្ទាន់​របស់​ជនរងគ្រោះ​ឈ្មោះ ស៊ុន សៀវ​អេង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ស្ដីពី​ករណី ចោរលួច​ម៉ូតូ នៅ​ចំណុច​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ភ្លាមៗ​នោះ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ឈ្មោះ ខន ដាវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រួម​ទាំង​ដក​វត្ថុតាង​ម៉ូតូ ហើយ​នាំ​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ដើម្បី​សួរនាំ ។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឱ្យដឹងថា ក្រោយពី​ធ្វើការ​ស្ដាប់​ចម្លើយ​ជនសង្ស័យ កម្លាំង​ជំនាញ​ទទួលបាន​តម្រុយ​នៃ​បទល្មើស​ពាក់ព័ន្ធ​លួច​ម៉ូតូ ហើយ​យកទៅលក់​នៅ​កន្លែង​ទទួល​ទិញ​និង​បញ្ចាំ​មួយកន្លែង​។

​បន្ទាប់មក​លោក​មេបញ្ជាកា​រ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​គោរព​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត សុំ​គោលការណ៍ និង​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្ដម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ធ្វើ​ការស្រាវជ្រាវ និង​ឆែកឆេរ​ទីតាំង​ទទួលផល​ចោរកម្ម​មួយ​កន្លែង​នោះ​ស្ថិតនៅ​មណ្ឌល​៤ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាល​យុត្តិធម៌​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ព្រមទាំង​មាន​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន និង​ម្ចាស់​ទីតាំង​ផងដែរ ពេល​កម្លាំង​ត្រួតពិនិត្យ និង​ឆែកឆេរ​ទីតាំង​ខាងលើ​នោះ​រក​ឃើញ​មាន​ម៉ូតូ​ចំនួន​៣១​គ្រឿង និង​ម៉ូតូ​កង់​បី​ចំនួន​០១​គ្រឿង​ផង​ដែរ​។ ចំណែកឯ​ជនសង្ស័យ​ដែលជា​អ្នក​ទទួល​បញ្ចាំ​បាន​រត់គេចខ្លួន​បាត់​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានឱ្យដឹង​ទៀត​ថា ចំពោះ​វត្ថុតាង​ម៉ូតូ ត្រូវបាន​កម្លាំង​យក​មក​រក្សាទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ដើម​។

​ចំណែក​ជនសង្ស័យ​ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន ហើយ​រាល់​សកម្មភាព​លួច​ម៉ូតូ​បាន​ខ្លួន​តែងតែ​យកទៅលក់​ឱ្យ​ហាង​បញ្ចាំ​ខាងលើ​។

​ដោយ​ផ្អែក​លើ​ចម្លើយសារភាព និង​មាន​វត្ថុតាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​ចាត់កា​រ​បន្ត​តាម​នីតិវិធី ចំណែក​ជនសង្ស័យ​ជា​ម្ចាស់​ហាង​បញ្ចាំ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន ចាត់​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មេី​ស​បាន​ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៦ ខែតុលា ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ទទួល​ការសម្របសម្រួល​ពី ឯកឧត្តម ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាត់​ម៉ូតូ សូម​អញ្ជើញ​មក​ពិនិត្យ​ភិនភាគ​ម៉ូតូ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​រាល់​ម៉ោង​ធ្វើការ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ផង (​សូម​អរគុណ​)៕

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.