ទីតាំង​ផលិត​ទឹក​កា​ធុម សម្ងំបើក​ដំណើរការ​យ៉ាង​រលូន នៅ​ភូមិ​សាមគ្គី​មានជ័យ ក្រុង​ប៉ោយប៉ែត​

ដោយ​÷​គឹម សុង – ​បន្ទាយមានជ័យ​÷ នា​ពេល​កន្លង​ទៅ​ថ្មីៗ សង្កេតឃើញថា មាន​ការរីក​រាលដាល​នៃ​ការបង្កើត​ទីតាំង​ផលិត​ទឹក​កា​ធុម និង ចែកចាយ នៅ​ក្រុង​ប៉ោយ​ប៉ែត យ៉ាង​អាណាធិបតេយ្យ ។ ក្នុងនោះ​ត្រូវ​បាន ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ​  អាជ្ញាធរ​មូលដ្ឋាន ដែល​ពាក់ព័ន្ធ​  ចុះ​ទប់ស្កាត់ និង បង្ក្រាប ទីតាំង​ផលិត​ទឹក​កា​ធុម បាន​មួយ​ចំនួន ក្នុង​ក្រុង​ប៉ោយ​ប៉ែត ។​

​ក្នុងនោះ​ត្រូវ​បាន​សង្កេតឃើញថា បន្ទាប់ពី​អាជ្ញាធរ ចុះបង្ក្រាប​តាម​ទីតាំង​ផលិត​ទឹក​កា​ធុម និង ទីតាំង​ចែកចាយ​បន្ត មានការ​ស្ងប់ស្ងាត់ មួយរយៈ​  ក៏​ប៉ុន្តែ​ឥឡូវនេះ បែរ​ជា​សង្កេតឃើញថា តាម​ទីតាំង​មួយចំនួន នៅតែ​បន្ត​សកម្មភាព លួចលាក់ ក្នុង​ការផលិត​ទឹក​កា​ធុម និង ចែកចាយ​ទៅ តាម​ទីតាំង​មួយចំនួន ក្នុង​ក្រុង​ប៉ោយ​ប៉ែត ដដែល​  ។​

​បើ​យោង​តាម​ការសង្កេត ការរីក​រាលដាល​នៃ​ការផលិត​និង​លក់​ទឹក​កា​ធុម នេះ គឺ ចាប់តាំងពី សំបូរ​ជនជាតិ​ថៃ សម្រុកចូល​មក​ធ្វើការ​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត រហូត​មាន​ការ​លួច​ផលិត និង លក់​អោយ​ជនជាតិ​ថៃ​ដូចគ្នា តែ​បច្ចុប្បន្ន បែរ​ជា​រីក​ដាល​ដា​ល ដល់​យុវជន​ខ្មែរ​មួយចំនួន​ផងដែរ កំពុង​វក់​ក្នុង​ការប្រើប្រាស់ ឬ ផឹកទឹក​កា​ធុម ជំនួស​ស្រា ទៅវិញ​។​

​តាម​ការជាក់ស្ដែង ទីតាំង មួយកន្លែង​  របស់​ជនជាតិ​ថៃ ឋិត​នៅក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ជួល​ផ្ទះ​ពី ជនជាតិ ខ្មែរ ស្នាក់នៅ បែរជា លួច​បង្កប់ ផលិត​ទឹក​ការ​ធុម ទាំងយប់ ទាំង​ថ្ងៃ យ៉ាង​រលូន ដើម្បី​យក​ចែកចាយ​បន្ត ទៅអោយ ជនជាតិ​ថៃ ដូចគ្នា កំពុងតែ ធ្វើការ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ដោយ ដឹកជញ្ជូន​តាមរយៈ​ម៉ូតូ​។ នេះ​បើ​យោងតាម​ប្រភព​ពី​ប្រជាពលរដ្ឋ បាន​ផ្តល់​មក​អោយ អង្គភាព សារព័ត៌មាន​យើង ដឹង​នា​ថ្ងៃទី ១១ ខែតុលា ឆ្នាំ​២០២៤​នេះ​។​

​ប្រភព​ឲ្យដឹងថា ទីតាំង​ផលិត​ទឹក​កា​ធុម មួយ​នេះ នៅ​ខាងក្រោយ សាលារៀន ហ្គោល​ប្រាយ ប្រហែល ៥០​ម៉ែត្រ ទៅ ១០០​ម៉ែត្រ​  ចូល​តាម​ផ្លូវលំ មួយកន្លែង ជាប់​ចំហៀង​ផ្ទះ វី​ង​មួយ​ឈ្មោះ លឿង សំណាង ប្រហែល ១០០​ម៉ែត្រ នៅ​ខាងស្តាំ​ដៃ ជាប់​និង ដី​ទំនេរ​មួយកន្លែង ដែល​គេ​ព័ទ្ធ​របងលួស ទុកចោល​។​

​សូមបញ្ជាក់​ថា បើ​យោង​តាម​ប្រភព បានឲ្យដឹងថា នា​ពេល​កន្លង​ទៅ​លោក កែវ ដួល អធិការរង​ក្រុង​ប៉ោយ​ប៉ែត ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ធ្លាប់​បាន​ដឹកនាំ​កម្លាំង ចុះ​ទៅ​ដល់​ទីតាំង​ផលិត​ទឹក​កា​ធុម​នេះ​ម្តង​រួចមកហើយ តែ​ទីតាំង​មួយ​នេះ ត្រូវ​បាន​ចាក់សោរ ខាងក្រៅ ក៏​ត្រលប់​មកវិញ អត់​បាន​ធ្វើ​ការបង្ក្រាប​នោះទេ រហូតមកដល់​បច្ចុប្បន្ន​។​

​ដូច្នេះ​សង្ឃឹមថា អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ចុះបង្ក្រាប​ទីតាំង​មួយ​នេះ​ឆាប់ៗ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​មួយ​នេះ​៕​

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.