ពិតណាស់ថា កម្ពុជាជាសមាជិក អង្គការពាណិជ្ជកម្ម ពិភពលោក (WTO) តម្រូវឲ្យមានការ បើកចំហរ ទីផ្សារសេរី ។ ប៉ុន្តែភាព មិនច្បាស់លាស់ រវាងកសិផលនាំចូល ពីក្រៅប្រទេស ដោយពុំបានធ្វើការ បែងចែក ឲ្យអ្នកប្រើប្រាស់ បានស្គាល់ពីប្រភព កសិផល គឺជាចំណែកមួយ នៃកសិផលខ្មែរ ហាក់បាត់បង់ ការប្រកួតប្រជែង នៅលើទីផ្សារទៅវិញ ។
បើធ្វើការប្រៀបធៀប ដូចជានៅ សហរដ្ឋអាមេរិក បើខ្មែរ នៅទីនោះចង់ ទិញស្លាម្លូ គឺត្រូវចូលទៅ ទីផ្សារថៃ ។ ចំណែកនៅ កោះតៃវ៉ាន់ បើខ្មែរចង់ ទិញប្រហុក ផ្អក គឺត្រូវទៅរកនៅ ទីផ្សារដែល អ្នកលក់ជាជនជាតិ វៀតណាមផងដែរ ។
តើកម្ពុជាជា ប្រទេសដែល ចូលជាសមាជិក អង្គការពាណិជ្ជកម្ម ពិភពលោក អាចលើកស្ទួយកសិកម្មខ្មែរ ដោយតម្រូវឲ្យ កសិផលនាំចូល ពីក្រៅប្រទេស ត្រូវមានទីផ្សារ ដូចជាផ្សារ កសិផលវៀតណាម ឬជាផ្សារកសិផលថៃ ទើបខ្មែរអាច ប្រកួតប្រជែងនៅលើ ទីផ្សារក្នុងស្រុកបាន ។ ព្រោះបើទុកឲ្យ កសិផល ក្នុងផ្សារមួយ ឬក្នុងតូបមួយ ដាក់លក់ផលិតផល ក្នុងស្រុក និងដាក់លក់ ផលិតផល នាំចូលពីក្រៅប្រទេសបែបហ្នឹង អាចជាចំណែកមួយ ធ្វើឲ្យអ្នកទិញ ពិបាកក្នុងការ ជឿជាក់ទៅលើ ផលិតផល ដែលមានប្រភព ចេញពីណានោះ បានឡើយ ។
អាចលើកយក ឧទាហរណ៍មួយ ឬពីរមកធ្វើការ បញ្ជាក់ ទៅចុះ ដូចជា ថ្លៃធុរេនក្នុងមួយថ្ងៃៗ កម្ពុជានាំចូល ពីប្រទេសវៀតណាម រាប់សិបតោន មិនថាដឹកតាម ឡានរហូតមាន ដឹកតាមរម៉ក បើកតាមម៉ូតូ ក៏មានដែរ ។ ប៉ុន្តែបើពិនិត្យ ទៅលើស្ថានភាព ជាក់ស្ដែងវិញ មិនថានៅ រាជធានីភ្នំពេញ ឬអ្នកដឹកលក់នៅតាម ជនបទនោះទេ សុទ្ធសឹងតែ បានអំពាវនាវ តាមឧឃោសនសព្ទថា ជាធុរេន កំពត កំពង់ចាម សំឡូត និងកោះកុង ជាដើម រហូតមានពួកឈ្មួញ ទុច្ចរឹតខ្លះ ខំឡង់សេដោយ ថតបង្ហោះឲ្យ ឃើញពីធុរេន របស់ខ្លួន ដើម្បីតែស្វែងរក ផលប្រយោជន៍ ថែមទៀតផង ។ បើនិយាយលើ ផលិតផល ប្រភេទសាច់ជ្រូកឬ សាច់មាន់សាច់ទា វិញនោះ ទោះបីថា ក្នុងមួយថ្ងៃៗ មានការនាំចូល ជ្រូកមាន់ទា រាប់សិបតោនក្ដី ក៏អ្នកលក់នៅតាមតូប ពុំដែលប្រាប់អ្នកទិញថា ជាសាច់ដែលនាំ ចូលពីប្រទេស វៀតណាម ឬថៃឡើយ ដោយអះអាងថា ជាសាច់ដែលទិញ តាមផ្ទះមកកាប់ លក់ទៅវិញ ។
ដើម្បីចូលរួម ចំណែកក្នុងការគិត រដ្ឋគួរធ្វើការបែងចែក ប្រភពនៃផលិតផលនាំចូល ឲ្យស្ថិតក្នុង ចង្កោមទីផ្សារ ដាច់ដោយឡែក ទើបកសិករខ្មែរអាច យកផលិតផល របស់ខ្លួនទៅ ប្រកួតប្រជែង នៅលើទីផ្សារក្នុង ស្រុករបស់ខ្លួនបាន ។ ពុំនោះទេ ទោះអ្នកទិញ ធ្វើដំណើរទៅទិញ ផ្លែឈើដែល គេដាក់លក់នៅក្នុងចម្ការក្ដី ក៏មិនប្រាកដថា ជាផ្លែឈើ ដែលបេះចេញពីច ម្ការបានឡើយ ព្រោះចរឹក អ្នករកស៊ី មានបានលឿនសព្វថ្ងៃ ប្រើល្បិច ពិសពុលខ្លាំងណាស់ ដែលជា ហេតុនាំឲ្យ កសិករខ្មែរ មិនអាច ប្រកួតប្រជែងបាន ៕