មេឈ្មួញឈ្មោះ ប៉ោង ឃុបឃិតជាមួយ ជលផល ដឹកកូនលៀស ទៅវៀតណាម

ដោយៈ សៀន ចិន

នៅរសៀល ថ្ងៃទី២៤ មករា ឆ្នាំ២០២៤ នៅចំណុចសេះស្លាប់ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង អ្នកយកព័ត៌មានយើង បានប្រទះឃើញ ប្រភេទកូនលៀសតូចៗ ដែលគេនេសាទ ចេញពីបឹងទន្លេសាប យកមកលក់ ឲ្យឈ្មួញច្រកការ៉ុង និងលើកដាក់ឡាន ដឹកចេញទៅលក់ នៅប្រទេសវៀតណាម ។ តាមការឲ្យដឹង ពីប្រជាពលរដ្ឋ មេឈ្មួញដុះស្លែ ដែលបើកស្ដង់ទិញ កូនលៀសយកទៅ លក់នៅប្រទេសវៀតណាម គឺឈ្មោះ ប៉ោង តែងតែធ្វើសកម្មភាព ដឹកជញ្ជូនកូនលៀស ជារៀងរាល់ថ្ងៃ សូម្បីមន្ត្រី ជលផលឈ្មោះ ធូ និងឈ្មោះភ័ណ្ឌ ដែលមានភារៈកិច្ច ប្រចាំការនៅតំបន់ ឆ្នុកទ្រូ ក៏ត្រូវបិទភ្នែកស្វែងរក ផលប្រយោជន៍ ពីមេឈ្មួញ ឈ្មោះប៉ោង ផងដែរ ។

សកម្មភាព ដឹកជញ្ជូនប្រភេទ កូនលៀសខុសច្បាប់ ខាងលើ អ្នកសារព័ត៌មាន បានទំនាក់ទំនង តាមទូរស័ព្ទទៅកាន់ ឯកឧត្ដមអភិបាល ខេត្តកំពង់ឆ្នាំង ដោយមាន ការឆ្លើយតបដែរ តែពុំបាន ធ្វើកិច្ចអន្តរាគមន៍ ទប់ស្កាត់បទល្មើស ទិញស្ដុបកូនលៀស និងដឹកជញ្ជូន ទៅកាន់ប្រទេស វៀតណាមឡើយ ។

ផ្អែកតាម អ្នកជំនាញដែល បានសិក្សាស្វែងយល់ អំពីគុណតម្លៃ នៃបឹងទន្លេសាប ប្រភេទលៀសដែលរស់នៅ ក្នុងបឹងទន្លេសាប គឺបានផ្ដល់ គុណប្រយោជន៍ ដល់ការបង្កើត ជីវៈចម្រុះ ដើម្បីធានាបាន នូវការរស់រាន សម្រាប់ត្រីគ្រប់ប្រភេទ ហើយលៀស ក៏ជាចំណែកមួយ នៃចំណីត្រី មួយចំនួនធំ ផងដែរ ។ ប្រសិនបើ មន្ត្រីជលផល ដែលទទួលភារៈកិច្ច ប្រចាំការក្នុង តំបន់ឆ្នុកទ្រូ ខ្វះការយល់ដឹង ឬធ្វើជាមិនដឹងចំពោះ ករណីបទល្មើស ជួញដូរកូនលៀស ក្នុងបឹងទន្លេសាប បញ្ហាវិនាសកម្ម ពូជត្រី នឹងចេះតែបន្តថយចុះ ជារៀងរាល់ឆ្នាំ រហូតដល់ ពូជត្រីមួយចំនួន ត្រូវបាត់បង់ ថែមទៀតផង ។

ដូចបានឃើញក្នុង រូបភាពនេះ ជាភស្តុតាងស្រាប់ ប្រសិនបើ គ្មានចំណាត់ការ ច្បាស់លាស់ពី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីទប់ស្កាត់ បទល្មើស ក្រុមឈ្មួញឃុបឃិត ជាមួយមន្ត្រី ជលផលឲ្យបាន ទាន់ពេលវេលាទេ មិនខុសអ្វី ពីការចាត់តាំង ជានិមិត្តរូប ដើម្បីតែស្វែងរក ផលប្រយោជន៍នោះទេ ដែលជាសញ្ញា បង្ហាញពីការលាក់កំបាំង លើផែនការកែទម្រង់ របស់ប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៧ ជាក់ជាមិនខាន ៕

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.