មានតែអភិបាលខេត្តកណ្ដាល ទើបអាចឆ្លើយសំណួរ ពលរដ្ឋ25គ្រួសារបាន

គេហទំព័រការសែតជាតិ ធ្លាប់បានចុះផ្សាយរួចមកហើយ ទាក់ទងក្រុមឈ្មួញជីកដីលក់ ដោយប្រើកម្មវត្ថុស្ដាបឹងពន់រែ ដោយផ្អែកលើសេចក្ដីជូនដំណឹង រដ្ឋបាលខេត្តកណ្ដាលលេខ 257សជណ ដោយកំណត់ក្នុងចំណុចទី3 ករណីមានទំនាស់កើតឡើង ត្រូវផ្អាកសកម្មភាពនិង ចូលរួមដោះស្រាយជាមួយ គ្រប់ភាគីពាក់ពន្ធ័ ។ នៅក្នុងចំណុចទី4 ចូលរួមធ្វើការដោះស្រាយ ផលប្រយោជន៍សាធារណៈតម្រូវ និងត្រូវចូលរួមដោះស្រាយ ផលប៉ះពាល់ជូនប្រជាពលរដ្ឋ ករណីមានការអាស្រ័យផលជាក់ស្ដែង ។

ក្រោយការចុះផ្សាយ សកម្មភាពគ្រឿងចក្រជីកកាយ យកដីលក់ក្រោមរូបភាពស្ដាបឹង ត្រូវបានស្ងប់ស្ងាត់4ទៅ5ថ្ងៃ ប៉ុន្តែនៅថ្ងៃទី27 កុម្ភៈ ក៏លេចចេញក្រុមឈ្មួញ បញ្ជាគ្រឿងចក្រចុះបោះបង្គោល ដើម្បីកំណត់យកទីតាំង ជីកដីដោយមិនខ្វល់ពីការ តវ៉ារបស់ប្រជាពលរដ្ឋទាំង25គ្រួសារ ដែលចេញមុខតវ៉ាឡើយ ។ ដូចឃើញរូបភាពខាងក្រោមជា ភស្តុតាងស្រាប់បើសូម្បី លិខិតជូនដំណឹងរដ្ឋបាលសាលាខេត្តកណ្ដាល ដែលចុះហត្ថលេខាដោយ ឯកឧត្ដម គង សោភណ្ឌ័សូម្បី មេភូមិកំពង់ពោធិ៍ មេឃុំក្រាំងយ៉ូវ និងអភិបាលស្រុកស្អាងគាត់ មិនគោរពគឺមិនអនុវត្តតាមផង រឿងស្អីការចុះផ្សាយព័ត៌មាន តាមសំណូមពរពលរដ្ឋត្រូវ បានអាជ្ញាធរភូមិឃុំស្រុក ទទួលយកមកដោះស្រាយធ្វើឲ្យ បាត់បង់លាភសក្ការៈដែល បានមកពីឈ្មួញជីកដីលក់នោះ ។

ដោយមើលឃើញការអនុវត្ត របស់អាជ្ញាធរភូមិឃុំស្រុក មានលក្ខណៈផ្ទុយទៅនឹងសេចក្ដី ជូនដំណឹងរបស់អភិបាលខេត្ត ប្រជាពលរដ្ឋទាំង25គ្រួសារ ដែលបានផ្តិតមេដៃតវ៉ាបាន ត្រឹមតែតវ៉ាប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀតប្រជាពលរដ្ឋទាំង25គ្រួសារ ដែលបានផ្ដិតមេដៃរួចចោទសួរថា ដីពួកគាត់អាស្រ័យផលធ្វើស្រែប្រាំង ដាំបន្លែត្រាវនិងខ្ញី ផ្គត់ផ្គង់ជីវភាពជាងម្ភៃឆ្នាំមកហើយ អាជ្ញាធរភូមិឃុំនិងស្រុកមិនបាន​ ចុះបញ្ជីទទួលស្គាល់ដីកម្មសិទ្ធរបស់ពួកគាត់ ចុះហេតុបានជាដី ឧកញា សំ ប៊ន ទើបតែមកទិញបាន2 ទៅ3ឆ្នាំ នៅជាប់ដីប្រជាពលរដ្ឋទាំង25គ្រួសារ បែជាអាជ្ញាធរភូមិឃុំស្រុកទទួលស្គាល់ រួចធ្វើប្លង់ដីឲ្យថែមទៀតទៅវិញ ។

ក្នុងនាមជាអ្នកសារព័ត៌មាន ពិតជាមិនហ៊ានឆ្លើយនោះទេ មានតែអភិបាលខេត្តកណ្ដាល ដែលផ្ដល់ទំនុកចិត្តខ្ពស់ពីសម្ដេចនាយករដ្ឋមន្ត្រី តាំងពីឯកឧត្តមនៅជា អភិបាលស្រុកខ្សាច់កណ្ដាល រហូតទទួលបានតំណែងជាអភិបាលខេត្តកណ្ដាលតែប៉ុណ្ណោះ ដែលអាចឆ្លើយតបទៅនឹង សំណួរក៏ដូចជាសំណូបពររបស់ ប្រជាពលរដ្ឋទាំង25គ្រួសារ នៅភូមិកំពង់ពោធិ៍បាន ។ ព្រោះអ្វីដែលសារព័ត៌មានជាតិដឹងបាន គឺលំដាប់ងារជាឧកញ៉ា គាត់មានលុយចំណែក ពលរដ្ឋដែលតវ៉ាចង់បានប្លង់ដីគឺ អាចមានលក្ខណៈសម្បត្តិខុសគ្នាត្រង់ ចំណុចមាននិងក្រនេះឯង កុំឆ្ងល់ច្រើននាំឲ្យស្រ្តេសខួរក្បាលនោះទេ ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.