រោង​ម៉ាស៊ីន​​អារ​ឈើ​​ខុស​ច្បាប់​​តាអឿន​​នៅ​​បរសេដ្ឋ ដំណើរ​​ការ​​បាន​ដោយ​​មាន​​ការ​​ឃុបឃិត​​ពីមេព្រៃ

ដោយ ៖ បែន ធន់
បន្ទាប់ពីសារព័ត៌មាន“ជាតិ” ធ្វើការចុះផ្សាយ ពី​ករណី​រោង​ម៉ាស៊ីន អារឈើ​ខុស​ច្បាប់​នៅ​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​មាន  ដាក់ ម៉ាស៊ីន រ៉ៃខ្នាតធំ​ដល់ទៅ  ៦ កន្លែង គេ​សង្កេត​ឃើញ​រោង ម៉ាស៊ីន អារឈើ​៥​កន្លែង ហើយ ដែល​បាន​បញ្ឈប់ សកម្ម ភាព ។  ដោយ ឡែករោង​ម៉ាស៊ីន​រ៉ៃអារ ឈើ តាអឿន ដែល​មាន​ទីតាំង ស្ថិតក្នុង ភូមិត្រាំកង់ ឃុំនិទាន  ស្រុកបរសេដ្ឋ ខេត្ត កំពង់ស្ពឺ គឺបាននឹង កំពុងនាំឈើ​ហ៊ុបចូល​អារយ៉ាង​គគ្រឹក​គគ្រេង ដោយ​បំពាន ទៅ លើច្បាប់​ការពារ​ព្រៃ ឈើបានដោយ គ្មានស្ថាប័នណា មួយហ៊ាន ចុះបង្ក្រាបឡើយ ។

ដូចឃើញក្នុងរូបភាពនេះ ស្រាប់សកម្មភាពអារឈើរបស់ ថៅកែ អឿន ដែលមានទ្រង់ទ្រាយធំបែបនេះបានពុំមែន គ្មាន ការឃុបឃិតពីមន្ត្រីជំនាញ និងសមត្ថកិច្ចមូលដ្ឋានឡើយ ។  ព្រោះមន្ត្រីនគរបាលប៉ុស្តិ៍ និង អធិការស្រុកបរសេដ្ឋក៏មាន  ចំណែកក្នុងការបង់ខែពីថៅកែ រោងម៉ាស៊ីនអារឈើផងដែរ  រួមទាំងមន្ត្រីរដ្ឋបាលព្រៃឈើ ប្រចាំស្រុកបរសេដ្ឋផង ។

តាមការបញ្ជាក់ឱ្យដឹងពី មន្ត្រីនគរបាលម្នាក់បានឱ្យសារព័ត៌មាន“ជាតិ”ដឹងថា ការរក្សាទុករោងម៉ាស៊ីនអារឈើ  តាអឿន ឱ្យនៅដំណើរការបន្ត គឺដើម្បីបំរើសេចក្តីត្រូវការប្រជាពលរដ្ឋក្នុងស្រុកទាំងមូល ។  ចំណែកប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិត្រាំកង់បានបញ្ជាក់ ឱ្យដឹងថាជារៀងរាល់ខែឃើញ មានមន្ត្រីរដ្ឋបាលព្រៃឈើរួម ទាំងនគរបាលផង តែងចូលមក ជួប តាអឿន ដើម្បីទូទាត់ លុយខ្មៅប្រចាំខែ ទើបរោង  ម៉ាស៊ីននេះអាចនៅបន្តសកម្ម ភាពបានបែបហ្នឹង ។

បើអំពើពុករលួយផ្តើមចេញ តែពីមន្ត្រីជំនាញនិងកម្លាំងសមត្ថកិច្ចស្រុកបរសេដ្ឋទៅហើយនោះ តើគោលនយោបាយ ការពារនិងថែរក្សាព្រៃឈើរួមទាំងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលអាចមានប្រសិទ្ធភាពបានដោយរបៀបណា ។ ព្រោះបើផ្អែកលើស្ថានភាពនៃប្រភពឈើនៅស្រុកភ្នំស្រួច រួមទាំងឧទ្យានជាតិគីរីរម្យកំពុងរងការបំផ្លាញធ្ងន់ធ្ងរ រួមទាំង ព្រៃឈើនៅលើភ្នំក្នុងខេត្តកំពង់ស្ពឺដែលអ្នកទេសចរពិនិត្យឃើញ ហើយតែងហៅឈ្មោះថា ភ្នំត្រង៉ោល ព្រោះតែភ្នំវា អត់មានព្រៃឈើ ។ មិនដឹងថា គុណសម្បត្តិលោក ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាល ព្រៃឈើ  ដែលបានរាយបណ្តាក់មន្ត្រី ជំនាញតាំងពីសង្កាត់រដ្ឋបាល រហូតដល់នាយផ្នែកនិងនាយ ខណ្ឌគឺក្នុងបំណងទប់ ស្កាត់បទល្មើសព្រៃឈើឬប្រើតួនាទីដើម្បីទទួលផលចែកគ្នាធ្វើមានធ្វើ បានពីបទល្មើសព្រៃឈើនោះទេ  ទើបឃើញពួក មន្ត្រីព្រៃឈើ បង្ហាញពីភាពមានបានតាម រយៈដូរឡានស៊េរីថ្មីៗប្រណាំង គ្នាអត់ឈប់បែបហ្នឹង ។ បើប្រើតួនាទីស៊ីប្រាក់ ខែរដ្ឋហើយទៅឃុបឃិតជាមួយឈ្មួញឈើ ដើម្បីតែស្វែងរកផលប្រយោជន៍នោះដូចមិនចាំបាច់បង្កើតឱ្យមានស្ថាប័ន រដ្ឋបាលព្រៃឈើ  គឺអាចប្រសើរជាងមាន ព្រោះទីមួយ រដ្ឋមិនចាំបាច់ចំណាយថវិកាលើប្រាក់ខែមន្ត្រីរដ្ឋបាលព្រៃឈើ ដែលមានចំនួនមិនតិចឡើយ, ទី ២ គឺអាជ្ញាធរដែលជាគណៈបញ្ជាការឯកភាព ក្នុងមូលដ្ឋានរបស់ខ្លួនមានកម្លាំង សមត្ថ កិច្ចនិងកងរាជអាវុធហត្ថ ស្ថិតក្រោមឱវាទផងនោះគឺពិត ជាអាចទទួលខុសត្រូវក្នុងតំបន់  ព្រៃឈើដែលស្ថិតនៅក្នុងដែន  អំណាចរបស់ខ្លួនកាន់កាប់បាន ក្នុងភាពទទួលខុសត្រូវជាក់ជា មិនខាន ៕

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.