ប្រភេទគ្រឿងចក្រ អេស្កាវ៉ាទ័រខ្នាតធំ ជាច្រើនគ្រឿង បាននិងកំពុង ធ្វើសកម្មភាព ឈូសឆាយដីព្រៃ នៅចំណុច ភ្នំបូកក្នុងទឹកដី ភូមិអូប្រាំព្យាម ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ យ៉ាងអនាធិបតេយ្យ ហាក់ពុំឃើញអាជ្ញាធរ និងមន្ត្រីជំនាញបរិស្ថានស្រុកខេត្ត មានវិធានការទប់ស្កាត់ឡើយ ។ ដូចឃើញក្នុងរូបភាព ជាភស្ដុតាងស្រាប់ ក្រុមឈ្មួញ កំពុងធ្វើសកម្មភាពប្រើ គ្រឿងចក្រ ដោយសូម្បីមេឃកំពុងភ្លៀង ក៏ពួកគេសម្រុកឈូសឆាយ គាស់រាន ដោយពុំចាំបាច់គិតដល់ផ្លូវច្បាប់ អ្វីនោះឡើយ ។
មិនដឹងថា ក្រុមឈ្មួញដែលប្រើ គ្រឿងចក្រប្រភេទ អេស្កាវ៉ាទ័រខ្នាតធំ បែបហ្នឹងធ្វើការឈូសឆាយដីព្រៃ នៅចំណុចភ្នំបូក អាចមានការពាក់ព័ន្ធ ទៅនឹងផលប្រយោជន៍ ជាមួយអាជ្ញាធរឃុំស្រុក ឬយ៉ាងណានោះទេ ទើបពុំឃើញមាន ប្រតិកម្មអ្វីទាំងអស់ បែបហ្នឹង ។ ម្យ៉ាងវិញទៀត មន្ត្រីជំនាញស្រុកភ្នំគូលែន ដែលជាសេនាធិការ ផ្ដល់ទំនុកចិត្តដល់ តំណាង រាជរដ្ឋាភិបាល ថ្នាក់ក្រសួង ក៏ហាក់បីដូចជា នៅស្ងាត់ស្ងៀមបែបហ្នឹង តើអាចធានា ដល់កិច្ចខិតខំ ប្រឹងប្រែងរបស់ ប្រមុខរាជរដ្ឋាភិបាល លើការប្ដេជ្ញាចិត្ត ក្នុងការការពារ បរិស្ថាន ដើម្បីធានាដល់ ការប្រែប្រួលអាកាសធាតុ បានដែរឬយ៉ាងណា? ។
រំពឹងថា រាល់ការផ្សព្វផ្សាយ ពីស្ថានភាពអសកម្ម លើករណីកាប់រាន ដីព្រៃខុសច្បាប់គឺជាផ្នែកមួយ ក្នុងការរួមចំណែក ផ្ដល់ព័ត៌មាន ដល់ថ្នាក់ដឹកនាំ ខេត្តព្រះវិហារ ពិសេសគឺ ក្រសួងបរិស្ថាន ដើម្បីធ្វើការទប់ស្កាត់ បទល្មើសរុករានដីព្រៃ ដើម្បីផលប្រយោជន៍ ដល់សង្គមជាតិហើយក៏ជា កង្វល់រួម របស់មនុស្សជាតិ នៅក្នុងពិភពលោក ផងដែរ ៕