ដោយ ៖ ជាតិ
ជាលើកទី ២ ហើយ ដែលប្រមុខ រាជរដ្ឋាភិបាល សម្តែង ឆន្ទៈ តម្លើងប្រាក់បៀវត្សរ៍ជាលើកទី ១ ឱ្យដល់កម្លាំងសមត្ថកិច្ច ថ្នាក់ ទាប និងជាលើកទី ២ គឺបានសម្រេច ឱ្យតម្លើង ប្រាក់ខែ ដល់ មន្ត្រីក្រុមប្រឹក្សាឃុំ រួមទាំងកម្មករកាត់ដេរនៅដើមឆ្នាំ ២០១៤ ខាងមុខ ដោយក្រុមអ្នកវិភាគសេដ្ឋកិច្ចចាត់ទុកថា ជាការកែ ទម្រង់មួយជ្រុង ក្រោមរូបភាព នយោបាយ តែប៉ុណ្ណោះ ។ ការ កំណត់ឱ្យតម្លើងប្រាក់ខែពីប្រមុខរាជរដ្ឋាភិបាល បើទោះបីជា ស្ថិតក្រោមកម្រិតទាប ជាងគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ក៏ពិតមែន ប៉ុន្តែយ៉ាងហោចណាស់ ក៏រាជរដ្ឋាភិ បាលត្រូវបង្ហាញសាច់ប្រាក់ដែលបានមកពីការកែទម្រង់លើផ្នែក មួយចំនួន ដើម្បីយកមកតម្លើងប្រាក់ខែ ឱ្យមន្ត្រីសមត្ថ កិច្ចរួមទាំងមន្ត្រីក្រុមប្រឹក្សាឃុំ ដើម្បីធានាមិនឱ្យមានឱនភាពសេដ្ឋកិច្ច និងអតិផរណាដែលផ្តើមចេញ ពីការឡើងថ្លៃមុខ ទំនិញសព្វសារពើ ។
ពិតណាស់ថា ទស្សនៈវិស័យលើការកែទម្រង់របស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី ៥ ត្រូវតែមានដោយផ្អែកលើកត្តា សម្លេងឆ្នោតគណបក្សប្រជាជនកម្ពុជា បាត់បង់រហូតដល់ ២២កៅអី ។ ម៉្យាងវិញទៀត ស្ថេរភាពប្រាក់រៀលដែលអាច រក្សា បានក្រោមការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី ៤ បានក៏ពឹងផ្អែកមួយផ្នែកធំទៅលើសេវាប្រាក់ចំណាយរបស់កម្មករ គួបផ្សំ និងប្រាក់ពន្ធកូតាសម្លៀកបំពាក់ដើម្បីរួមចំណែកដល់សេវាប្តូរប្រាក់ឱ្យមានភាពប្រាកដប្រជាបាន រហូតដល់ សព្វថ្ងៃ ។
មិនមែនជាទំហំទឹកប្រាក់ក្នុងការតម្លើងប្រាក់បៀវត្សរ៍ដល់មន្ត្រីសមត្ថកិច្ច និងក្រុមប្រឹក្សាឃុំ-សង្កាត់បូករួមទាំង កម្មករ កាត់ដេរដែលមានចំនួនជាង ៣ សែននាក់ ដែលរាជរដ្ឋាភិបាលប្រកាសកំណត់អាចជាចំណោទធ្ងន់ធ្ងរនោះទេ ប្រសិន បើគេពិនិត្យទៅលើការកែទម្រង់ប្រព័ន្ធគ្រប់គ្រងដែលបង្កប់ទៅដោយអំពើពុករលួយធ្ងន់ធ្ងរ ដែលអាចលើកឧទាហរណ៍ ពីបទពិសោធន៍ ក្នុងប្រតិបត្តិការរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅលើក្រសួងសង្គមកិច្ច និងក្រសួងរៀបចំដែនដី គឺអាចធានបានក្នុងការតម្លើងប្រាក់ខែជូនមន្ត្រី និងក្រុមប្រឹក្សាឃុំបាន ប្រសិនបើអង្គភាពប្រឆាំងអំពើពុក រលួយត្រូវធ្វើ អធិការ កិច្ចនៅគ្រប់ក្រសួងរដ្ឋ ។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់ឃើញសញ្ញាណាមួយក្នុងការកែទម្រង់ឱ្យ បានច្បាស់លាស់ពី ប្រមុខរាជរដ្ឋាភិបាលនៅឡើយទេ ដែលក្រុមអ្នកសេដ្ឋកិច្ចដាក់ការព្រួយបារម្ភថា និងអាចបង្កើត ឱ្យមានឱនភាពសេដ្ឋកិច្ច និងអតិផរណា នៅលើទីផ្សារ ប្រសិនបើរាជរដ្ឋាភិបាលពុំបានបង្ហាញពីការកែទម្រង់ ប្រព័ន្ធគ្រប់ គ្រងសេដ្ឋកិច្ចឱ្យមានភាពច្បាស់ លាស់ទេនោះ ៕